ប្រទេសនៅអាស៊ី
From Wikipedia, the free encyclopedia
អត្ថបទនេះគឺជាបញ្ជីរដ្ឋអធិបតេយ្យ និងរដ្ឋអនិស្សរភាពនៅទ្វីបអាស៊ី។ បច្ចុប្បន្ន រដ្ឋប្រទេសចំនួន ៤៩ ត្រូវបានទទួលស្គាល់ជារដ្ឋអធិបតេយ្យ (រដ្ឋទាំងអស់នោះសុទ្ធតែជាសមាជិកនៃអង្គការសហប្រជាជាតិ) រដ្ឋចំនួនពីរដែលអធិបតេយ្យភាពមានការកំណត់តែត្រូវបានទទួលស្គាល់ជាអន្តរជាតិ រដ្ឋចំនួនបួនជារដ្ឋគ្មានការទទួលស្គាល់ និងរដ្ឋអនិស្សរភាពមានចំនួនប្រាំមួយ។
ក្នុងចំណោមរដ្ឋចំនួន ៤៩ ដែលមានវត្តមាននៅក្នុងបញ្ជីនេះ មានរដ្ឋប្រទេសចំនួនពីរដែលត្រូវបានចាត់ទុកថាជាផ្នែកនៃទ្វីបអឺរ៉ុបនិងអាហ្រ្វិក។ នេះដោយសារតែរដ្ឋទាំងពីរនោះមានទឹកដីមួយផ្នែកដែលស្ថិតនៅក្នុងទ្វីបអាស៊ី។ ទោះបីជាទឹកដីនៃសហព័ន្ធរុស្ស៊ីមួយភាគធំត្រូវស្ថិតនៅក្នុងទ្វីបអាស៊ីមែនប៉ុន្តែជាទូទៅគេបានចាត់ទុករុស្ស៊ីជាផ្នែកមួយនៃអឺរ៉ុបដោយសារតែវាមានប្រវត្តិសាស្ត្រ វប្បធម៌ ជនជាតិ និងនយោបាយទាក់ទងនឹងអឺរ៉ុបខ្លាំង។ មូលហេតុមួយទៀតនោះគឺដោយសារតែរុស្ស៊ីមានរដ្ឋធានីស្ថិតនៅទ្វីបអឺរ៉ុបហើយប្រជាជនភាគច្រើនរបស់ខ្លួនក៏រស់នៅក្នុងទ្វីបអឺរ៉ុបផងដែរ។ មួយទៀតគឺប្រទេសអេហ្ស៊ីប, អេហ្ស៊ីបមានទឹកដីតូចមួយនៅអាស៊ីដែលមានឈ្មោះថាឧបទ្វីបស៊ីណៃក៏ប៉ុន្តែមនុស្សទូទៅតែងចាត់ទុកអេហ្ស៊ីបជាប្រទេសនៅទ្វីបអាហ្រ្វិកដោយសារតែប្រជាជននិងទឹកដីភាគច្រើនរបស់ខ្លួនស្ថិតក្នុងទ្វីបអាហ្រ្វិក។