ស្តូអ៊ីក
From Wikipedia, the free encyclopedia
ស្តូអ៊ីក (អង់គ្លេស: Stoic) ជាក្រុមទស្សនវិទូក្រិកសម័យបុរាណ ដែលជឿថាមនុស្សមានប្រាជ្ញាមិនគួរបណ្ដោយឲ្យបទពិសោធឈឺចាប់ ឬបទពិសោធសប្បាយ មានឥទ្ធីពលលើខ្លួនឡើយ។
លទ្ធិស្តូអ៊ីកនិយម គឺជាក្រុមទស្សវិជ្ជារបស់ពួកហេលិនីស ដែលរីកដុះដាលទូទាំងរ៉ូម និងក្រិក រហូតដល់សតវត្សទី៣។ លទ្ធិស្តូអ៊ីកនិយមជាទស្សនវិជ្ជាមួយដែលមានឥទ្ធីពលយ៉ាងលើសលប់លើក្រមសីលធម៌របស់បុគ្គលម្នាក់ៗ តាមរយៈប្រព័ន្ធឡូស៊ីក និងតាមរយៈការយល់ឃើញរបស់ទស្សននេះចំពោះពិភពធម្មជាតិ។ យោងតាមសេចក្ដីបង្រៀនរបស់ទស្សនវិជ្ជានេះ បានបង្រៀនថាផ្លូវទៅកាន់សុភមង្គលគឺត្រូវតែទទួលយកតែអ្វីដែលមានក្នុងពេលបច្ចុប្បន្ននេះប៉ុណ្ណោះ គឺមិនបាច់ខ្វល់ពីអ្វីដែលនឹងមាននៅពេលខាងមុខនោះទេ ហើយមនុស្សមិនគួរបណ្ដោយឲ្យខ្លួនត្រូវបានគ្រប់គ្រងដោយចំណង់របស់ខ្លួន ឬសេចក្ដីភ័យខ្លាចចំពោះការឈឺចាប់នោះទេ។ មនុស្សគួរតែប្រើគំនិតរបស់ខ្លួនដើម្បីយល់ដឹងពិភពដែលនៅជុំវិញខ្លួន ហើយធ្វើផ្នែករបស់ខ្លួននៅក្នុងធម្មជាតិ ព្រមទាំងធ្វើការជាមួយអ្នកដទៃ ហើយចាត់ទុកអ្នកដទៃក្នុងរបៀបមួយត្រឹមត្រូវ។
លទ្ធិស្តូអ៊ីកនិយមត្រូវបានបង្កើតឡើងនៅអាថែន ដោយទស្សវិទូ Zeno of Citium នៅដើមសតវត្សទី៣ មុនគ.ស។ ពួកស្តូអ៊ីកបានបង្រៀនថាអារម្មណ៍កើតចេញពីការវិនិច្ឆយខុសដែលនាំឲ្យមានសេចក្ដីវិនាស ផ្អែកទៅលើទំនាក់ទំនងយ៉ាងសកម្មរវាងបច្ច័យនិយមពិភពលោក និងសេរីភាពរបស់មនុស្ស ហើយបានបង្រៀនអំពីជំនឿដែលមានគុណធម៌ដើម្បីរក្សាបំណងមួយដែលស្របនឹងធម្មជាតិ។ ដោយសារតែកត្តានេះ ពួកស្តូអ៊ីកបានបង្ហាញថាទស្សនវិជ្ជារបស់ពួកគេជាផ្លូវនៃជីវិត ហើយពួកគេបានគិតថាការបង្ហាញដ៏ល្អបំផុតនៃទស្សវិជ្ជារបស់បុគ្គលម្នាក់ៗមិនមែនស្ថិតនៅលើអ្វីដែលបុគ្គលនោះនិយាយទេ គឺស្ថិតនៅលើអ្វីដែលបុគ្គលនោះប្រព្រឹត្តវិញ។[1] ដើម្បីរស់នៅក្នុងជីវិតដ៏ល្អមួយ មនុស្សម្នាក់ត្រូវតែយល់នូវច្បាប់នៃសណ្ដាប់ធ្នាប់ធម្មជាតិ ដោយព្រោះពួកគេបានបង្រៀនថាអ្វីទាំងអស់មានឫសគល់ក្នុងធម្មជាតិ។[2][3]
គោលលទ្ធិរបស់ស្តូអ៊ីកល្បីល្បាញក្នុងអំឡុងសម័យចក្រភពរ៉ូម។ ក្រោយមកគោលលទ្ធិនេះបានធ្លាក់ចុះ បន្ទាប់ពីសាសនាគ្រីស្ទបានក្លាយសាសនារបស់រដ្ឋ ក្នុងសតវត្សទី៤។ អស់រយៈពេលជាច្រើនសតវត្ស គោលលទ្ធិនេះមានការផុសផលឡើងវិញ ហើយសម័យកាលដែលគួរឲ្យកត់សម្គាល់នោះ គឺនៅសម័យ Renaissance (Neostoicism) និងសម័យទំនើប (modern Stoicism)។[4][5][6]