កតិកាសញ្ញាវ៉ាសូរី
From Wikipedia, the free encyclopedia
អង្គការសន្ធិសញ្ញាវ៉ាសូរី[3] (អ.ស.វ.), មានឈ្មោះជាផ្លូវការថា សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជនុបត្ថម្ភ[4] ឬត្រូវបានគេស្គាល់ជាទូទៅថា កតិកាសញ្ញាវ៉ាសូរី (ក.វ.)[5] គឺជាសន្ធិសញ្ញាការពារជាតិរួមមួយដែលបានចុះនៅទីក្រុងវ៉ាសូរី, ប្រទេសប៉ូឡូញ រវាងសហភាពសូវៀតនិងសាធារណរដ្ឋសង្គមនិយមទិសបូព៌ាចំនួន ៧ ទៀតនៅអឺរ៉ុបកណ្តាលនិងខាងកើតនៅខែឧសភា ឆ្នាំ១៩៥៥ ក្នុងអំឡុងសង្គ្រាមត្រជាក់។ កតិកាសញ្ញាវ៉ាសូរីគឺជាការបំពេញបន្ថែមផ្នែកយោធាដល់ក្រុមប្រឹក្សាសម្រាប់ជំនួយសេដ្ឋកិច្ចជនុបត្ថម្ភ ដែលជាអង្គការសេដ្ឋកិច្ចក្នុងតំបន់សម្រាប់រដ្ឋសង្គមនិយមនៅអឺរ៉ុបកណ្តាលនិងខាងកើត។ កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងបន្ទាប់ពីអាល្លឺម៉ង់ខាងលិចត្រូវបានរាប់បញ្ចូលទៅក្នុងអង្គការណាតូ[6][7][8][9] ក្នុងឆ្នាំ១៩៥៥ ដែលជាផ្នែកមួយនៃសន្និសីទទីក្រុងប៉ារីសនិងទីក្រុងឡុងដ៍នាឆ្នាំ១៩៥៤[10][11][12][13][14] ប៉ុន្តែអ្នកខ្លះបានគិតថា កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងដោយសារតែសូវៀតចង់រក្សាការគ្រប់គ្រងកងកម្លាំងយោធានៅអឺរ៉ុបកណ្តាលនិងខាងកើត។[15]
The WTO in 1990 | |
អក្សរកាត់ | ស.ម.ក.ជ., ក.វ., អ.ស.វ. |
---|---|
ស្ថាបនា | ១៤ ឧសភា ១៩៥៥ |
ទីតាំងស្ថាបនា | វ៉ាសូរី, ប៉ូឡូញ |
រំលាយ | ១ កក្កដា ១៩៩១ |
ប្រភេទ | សម្ព័ន្ធភាពយោធា |
ទីស្នាក់ការកណ្ដាល | ម៉ូស្គូ, សហភាពសូវៀង |
សមាជិកភាព |
|
មេបញ្ជាការកំពូល | អ៊ីវ៉ាន កូណ្វ (ដំបូង) ពីអូទ័រ លូស៊ីវ (ក្រោយ) |
ប្រធានបុគ្គលិកចម្រុះ | អាឡិកស៊ី អានតូណូវ (ដំបូង) វ៉្លាឌីមៀរ ឡូបូវ (ក្រោយ) |
សាខា | ក្រុមប្រឹក្សាសម្រាប់សេដ្ឋកិច្ចជនុបត្ថម្ភ |
កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងដើម្បីរក្សាតុល្យភាពនៃអំណាច[16] ឬប្រឆាំងនឹងអង្គការណាតូ។[17] អង្គការទាំងពីរគឺមិនដែលមានការប្រឈមមុខប្រយុទ្ធតតាំងគ្នាដោយផ្ទាល់ឡើយ ផ្ទុយទៅវិញការប្រយុទ្ធគ្នាគឺត្រូវផ្អែកលើមនោគមវិជ្ជានិងសង្គ្រាមមិនប្រយោល។ ទាំងអង្គការណាតូនិងសន្ធិសញ្ញាអង្គការវ៉ាសូរីបានធ្វើការពង្រីកផ្នែកយោធានិងធ្វើសមាហរណកម្មកម្លាំងពួកគេរៀងៗខ្លួន។[17] សកម្មភាពដ៏ធំនិងសំខាន់បំផុតរបស់អង្គការនេះគឺការចូលឈ្លានពានប្រទេសឆេកូស្លូវ៉ាគីនៅអំឡុងខែសីហា ឆ្នាំ១៩៦៨ (ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកស្ទើរទាំងអស់លើកលែងតែអាល់បានី រ៉ូម៉ានី និងអាល្លឺម៉ង់ខាងកើត)[16] ហើយជាលទ្ធផលវាបានធ្វើឱ្យអាល់បានីដកខ្លួនចេញពីសន្ធិសញ្ញានេះ។ ការរីករាលដាលនៃបដិវត្តន៍ឆ្នាំ១៩៨៩ បានផ្តល់បញ្ហាជាច្រើនដល់កតិកាសញ្ញាវ៉ាសូរី ចាប់ផ្តើមជាមួយចលនាសាមគ្គីភាពនៅប្រទេសប៉ូឡូញ[18] និងការបោះឆ្នោតដ៏មានប្រសឹទ្ធភាពមួយ។
នៅឆ្នាំ១៩៩០ អាល្លឺម៉ង់ខាងកើតបានដកខ្លួនចេញពីកតិកាសញ្ញាវ៉ាសូរីបន្ទាប់ពីបានបង្រួបបង្រួមជាប្រទេសតែមួយជាមួយអាល្លឺម៉ង់ខាងលិច។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩១ កិច្ចប្រជុំមួយបានប្រព្រឹត្តិទៅនៅប្រទេសហុងគ្រីដោយនៅក្នុងនោះ រដ្ឋមន្រ្តីការពារជាតិនិងមន្ត្រីការបរទេសនៃរដ្ឋសមាជិកចំនួន ៦ ដែលនៅសល់បានប្រកាសរំលាយសន្ធិសញ្ញាកតិកាសញ្ញាវ៉ាសូរីនេះចោល។ សហភាពសូវៀតបានរំលាយខ្លួនចោលជាផ្លូវការនៅខែធ្នូ ឆ្នាំ១៩៩១។ ក្នុងរយៈពេល ២០ ឆ្នាំបន្ទាប់ពីការរំលាយចោល អតីតសមាជិករដ្ឋទាំង ៧ នៃកតិកាសញ្ញាវ៉ាសូរីសុទ្ធតែបានចុះចូលជាមួយអង្គការណាតូ រដ្ឋបាល់ទិកដែលត្រូវជាអតីតសាធារណរដ្ឋសូវៀតក៏បានចូលរួមផងដែរ។