ប្រទេសនៅអាមេរិកខាងត្បូង
From Wikipedia, the free encyclopedia
អត្ថបទនេះគឺស្តីអំពី បញ្ជីរាយនាមរដ្ឋអធិបតេយ្យ និងរដ្ឋអនិស្សរភាពនៅអាមេរិកខាងត្បូង។ នៅក្នុងអត្ថបទនេះដែរ យើងបានរាប់បញ្ចូលទាំងរដ្ឋដែលមានការទទួលស្គាល់ពេញលេញនិងរដ្ឋអនិស្សរភាព (មិនមានឯករាជ្យពេញលេញ) ដែលមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងត្បូង។
អាមេរិកខាងត្បូងមានព្រំប្រទល់៖ ខាងលិចជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក ខាងជើងនិងកើតជាប់នឹងមហាសមុទ្រអាត្លង់ទិក ហើយខាងពាយព្យគឺជាប់នឹងទ្វីបអាមេរិកខាងជើង និងសមុទ្រការ៉ាអ៊ីប។ អាមេរិកខាងត្បូងមានផ្ទៃដីសរុបប្រមាណ ១៧,៨៤០,០០០ គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៣.៥% នៃផ្ទៃផែនដី។ នៅឆ្នាំ២០០៨ សៀវភៅហេតុការណ៍ពិភពលោកបានធ្វើការប៉ាន់ស្មាន់ចំនួនប្រជាជននៅអាមេរិកខាងត្បូងថាមានប្រមាណ ៣៨០ លាននាក់។ អាមេរិកខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ៤ ខាងទំហំផ្ទៃដីនៃទ្វីប (នៅពីក្រោយអាស៊ី អាហ្រ្វិក និងអាមេរិកខាងជើង) ហើយជាប់ចំណាត់ថ្នាក់លេខ ៥ ខាងចំនួនប្រជាជន (នៅពីក្រោយអាស៊ី អាហ្រ្វិក អឺរ៉ុប និងអាមេរិកខាងជើង។[1]
ព្រំដែនបែងចែកទ្វីបអាមេរិកខាងត្បូងពីទ្វីបអាមេរិកខាងជើងគឺមិនទាន់បានកំណត់ច្បាស់លាស់នោះទេ តែបច្ចុប្បន្ន គេបានចាត់ទុកថា ព្រែកជីកប៉ាណាម៉ាគឺជាខ្សែព្រំដែនបំបែកទ្វីបទាំងពីរ។